15/10/2026
នារីម្នាក់ដែលប្រើពាក្យសម្តីអសុរោះ និងជេរប្រមាថលើវីរកងទ័ពតាមបណ្ដាញសង្គម Bigo Live ត្រូវសមត្ថកិច្ចកំពង់ស្ពឺឃាត់ខ្លួនបានហេីយ.,,
-----------------------------
(កំពង់ស្ពឺ)៖ ដោយអនុវត្ដតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង ទទួលផែនការងារសន្ដិសុខ បានដឹកនាំបញ្ជាអោយកំលាំងនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះសហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង និងមូលដ្ឋានកំលាំងទុកចិត្ដធ្វេីការស្រាវជ្រាវលេីមុខសញ្ញានារីដែលបានធ្វើសកម្មភាពជេរប្រទេចប្រមាថលេីវីរៈកងទ័ពកម្ពុជា ដោយពាក្យសម្ដីអសុរសមិនសមរម្យ។
ជាក់ស្ដែងក្រោយការស៊េីបអង្កេតស្រាវជ្រាវដោយកិច្ចយកចិត្ដទុកដាក់ និងបានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញា អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ កំលាំងនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បាននាំខ្លួនជនសង្ស័យ ១នាក់ឈ្មោះ អ ឈ អ ភេទស្រី អាយុ ១៩ឆ្នាំ លាក់ខ្លួនពួនអាត្មានៅក្នុងចំណុចផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីពិនិត្យតាមនីតិវិធីច្បាប់។
ករណីខាងលើផ្អែកតាមចម្លេីយសារភាពដែលនារីឈ្មោះ អុិន ឈុនអុី បញ្ជាក់ថាកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ រូបខ្លួនបានធ្វើការLive វីដេអូ តាមគណនី បណ្ដាញសង្គម BIGO Live ដោយប្រើប្រាស់ពាក្យសម្តីអសុរោះ និងអសីលធម៌ទៅលើកងទ័ព ក្នុងខ្លឹមសារថា៖ "… អញក្រុមអញជេរមែនអាក្រុមទាហ៊ានហ្នឹង អញនិយាយអញ្ចឹង អាណាចង់យកអញទៅប្ដឹង ប្ដឹងទៅ! អញអត់ខ្វល់ទេ អញនិយាយតែពាក្យពិតទេ ឱ្យវាងាប់នៅជាយដែនហ្នឹងក៏ល្អដែរ អញទះដៃម៉ង" រួចក៏បានរត់គេចទៅសំងំលាក់ខ្លួននៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងមួយរយៈ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបានប្រើពាក្យសម្តីមិនសមរម្យ ជេរប្រមាថលើវីរកងទ័ពប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ដ ចាត់ការបន្តតាមនីតិវិធីច្បាប់៕